ការពត់ធ្មេញបច្ចុប្បន្ននេះមានការពេញនិយមណាស់សម្រាប់យុវជន-យុវនារីសម័យថ្មីព្រោះវាបានជួយបន្ថែមភាពស្រស់ស្អាត នឹងបង្កើនចំណាប់អារម្មណ៌ពីមនុស្សជុំវិញខ្លួនផងដែរ ។ ការពត់ធ្មេញនេះដែរគឺជាវិធីសាស្រ្តម្យ៉ាងខាងផ្នែកវេជ្ជសាស្រ្តដែលប្រើសម្រាប់ការកែប្រែធ្មេញធម្មជាតិដែលមិនស្អាត ដូចជាដុះមិនត្រង់ជួរ, ដុះខុសកំណាំធ្មេញ ធ្វើអោយទម្រង់មុខមានការពយទៅមុខ ឬទៅក្រោយ ដូច្នេះហើយ ទើបយើងប្រើវិធីពត់ ដើម្បីធ្វើឱ្យធ្មេញមានសោភណ្ឌភាពជាងមុន ដូចជាបន្ថែមភាពស្រស់ស្អាតនៅពេលញញឹម ក៏ដូចជា បន្ថែមមុខងារផ្សេងៗមួយចំនួនទៀតដូចជា៖ បង្កើនមុខងារទំពារបានល្អ នឹងធ្វើឱ្យត្រូវកំណាំធ្មេញ នឹងអត្ថប្រយោជន៍មួយចំនួនទៀត។

 

តើមនុស្សវ័យនៅចន្លោះណាខ្លះដែលអាចពត់ធ្មេញបាន?

សម្រាប់ការពត់ធ្មេញនេះដែរគឺយើងអាចធ្វើទៅបាននៅចន្លោះអាយុចាប់ពី ១២ឆ្នាំ រហូតដល់ ៣៥ឆ្នាំ ដែលនៅក្នុងវ័យនេះអ្នកជំងឺអាចពត់បានដោយមានប្រសិទ្ធភាពខ្ពស់។ ហើយសម្រាប់ការពត់ធ្មេញនេះដែរគឺអាចធ្វើទៅបានដោយលក្ខខណ្ឌខុសៗគ្នា នឹងអាស្រ័យទៅលើបញ្ហាប្រឈមជាក់ស្តែងរបស់អ្នកជំងឺផ្ទាល់ផងដែរ។

 

កត្តាមួយចំនួនដែលចំាបាច់តម្រូវអោយធ្វើការពត់ធ្មេញ មាន៖
  • ធ្មេញដុះមកខុសជួរ ឬដុះទ្រេត
  • ធ្មេញដុះមកមានចន្លោះធំ ឬដុះមិនគ្រប់ចំនួន
  • ធ្មេញផ្នែកខាងលើដុះទៅមុខខ្លាំងពេក
  • ធ្មេញផ្នែកខាងក្រោមមានការដុះលៀនមកមុខខុសធម្មតា

 

តើមានផលវិបាកអ្វីខ្លះនៅពេលពត់ធ្មេញ?

បញ្ហាជួបប្រទះមួយចំនួននៅពេលដែលពត់ធ្មេញគឺអ្នកជំងឺមានការរលាកអញ្ចាញតិចតួច ហើយនឹងមានអារម្មណ៌ទើស នឹងមិនទាន់សុំាភ្លាមៗជាមួយនឹងការពាក់ Braces នៅក្នុងមាត់ ប៉ុន្តែរយះពេលប្រហែល១សប្តាហ៌ក្រោយ អ្នកជំងឺនឹងត្រឡប់មកជាធម្មតាវិញ។

 

តើត្រូវចំណាយពេលប៉ុណ្ណានៅក្នុងការពត់ធ្មេញ?

ចំពោះរយះពេលក្នុងការពត់តម្រង់ធ្មេញគឺវាអាស្រ័យទៅលើប្រភេទធ្មេញជាក់ស្តែង។អ្នកជំងឺខ្លះអាចប្រើរយះពេលពី ៦ខែ ទៅ ១ឆ្នាំ ឬ អាចវែងជាងនេះដោយអាស្រ័យទៅតាមសណ្ឋានធ្មេញរបស់អ្នកជំងឺ នឹងការចូលរួមចំណែកពីអ្នកជម្ងឺផងដែរ។

 

តើមានផល់លំបាកនៅថ្ងៃក្រោយដែរឬទេនៅពេលដែលពត់ធ្មេញ?

ផល់ប៉ះពាល់ក្នុងកំឡុងពេលនៃការពត់ធ្មេញបែងចែកជា ២ មាន៖

កំឡុងពេលពត់ធ្មេញ ៖ អ្នកជំងឺពត់ធ្មេញនឹងអាចប្រឈមនូវបញ្ហាមួយចំនួន ដូចជា ជំងឺពុកធ្មេញ ការរលាកអញ្ចាញធ្មេញ នឹងបញ្ហាមួយចំនួនទៀត ប្រសិនបើអ្នកជំងឺនោះមិនបានសម្អាត ថែទាំ ឱ្យបានល្អតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ នឹងមិនមកជួបជាមួយគ្រូពេទ្យឱ្យបានទៀងទាត់។

ក្រោយពេលពត់ធ្មេញ ៖ អ្នកជំងឺនឹងត្រូវបន្ត ពាក់នូវឧបករណ៌មួយទៀតដែលជា Retainer សម្រាប់ទប់ធ្មេញកុំឱ្យរេឬងាកមករកសភាពដើមវិញ។

 

តើបំរាមអ្វីខ្លះដែលអ្នកពត់ធ្មេញគួរអនុវត្តតាម?

កត្តាគួរអនុវត្តដើម្បីអោយការពត់ធ្មេញមានប្រសិទ្ធភាព នឹងចំនាយពេលខ្លី ៖

  • ចៀសវាងការញាំរបស់រឹង ស្វិត ដែលបណ្តាលអោយរបេះ braces
  • ប្រើប្រាស់នូវឧបករណ៌មួយចំនួនដែលណែនាំដោយទន្តពេទ្យ ដេម្បីងាយស្រួលក្នុងការថែទាំ
  • ផ្សេងៗទៀត